កាលភាគមុន យើងបានឃើញវត្តមានជនជាតិចិនម៉ាកគាវបានសុំយកដីខ្មែរជាទីជំរក រួចហើយបានផ្តាច់ខ្លួន ក្នុងនោះមានទាំងកោះត្រល់ផងដែរ ទៅចំណុះឱយស្តេចអាណ្ណាមនៅគ្រឹះសករាជ១៧១៥។
លំហូរជនជាតិចិន ជាពិសេសមន្ត្រីជាន់ខ្ពស់រាជការមីញ ឬម៉េង ដែលរត់គេចពីការវាទីរបស់ពួកម៉ាន់ជូ ឬរាជវង្សសុីង ឬរាជវង្សឆេង ចុះមកសុំសិទ្ធិជ្រកកោននៅនគរកូសាំងសុីន មានតាំងពីមុនម៉ាកគាវទៅទៀត។ នៅក្នុងរដូវក្តៅ ឆ្នាំទី១៨ ក្នុងរាជស្តេចខាងសុី (Khang-hi) ត្រូវនឹងគ្រឹះសករាជ១៦៨០ (ប្រហែលម្តុំពេលម៉ាកគាវនិរទេសខ្លួនដែរ) ដោយរឹងទទឹងមិនព្រមចំណុះពួកម៉ាន់ជូ រាជការសុីងឬឆេង មេទ័ពរាជការម៉េងប្រចាំខេត្តគ័នតុង(Cantong. ប្រភពខ្លះសរសេរថាក្វាងទុង ជាខេត្តកំណើតរបស់ម៉ាកគាវដែរ) ឈ្មោះ Diuong-ngan-nghick បានរួមគ្នាជាមួយមេទ័ពម្នាក់ទៀតឈ្មោះ Thang-tang-tai សរុបគ្នាមានទ័ពប្រមាណជា៣ពាន់នាក់ បាននិរទេសខ្លួនតាមសំពៅ ប្រមាណពី៥០ ទៅ៦០សំពៅ មកសុំចុះចូលជាមួយស្តេចអាណ្ណមនៅកូសាំងសុីន ដោយសន្យាស្មោះស្ម័គ្រជាមួយរាជវង្សនេះ។ ប៉ុន្តែ ខុសពីមហាក្សត្រ និងអាជ្ញាធរខ្មែរដែលបានផ្តល់សិទ្ធិជ្រកកោនទៅពួកចិនដោយទំនងជាមិនខ្វាល់ខ្វាយ ស្តេចអណ្ណាម នគរកូសាំងសុីន មិនទុកចិត្តពួកទ័ព និងមន្ត្រីចំណាកស្រុកទាំងនេះទេ។ ស្តេចអាណ្ណាមបានបញ្ជារឱយពួកគេមកទន្ទ្រានយកខេត្តក្នុងដីខ្មែរ។ ចាប់ពីនោះមក ក្នុងសង្គ្រាមវាទីរបស់ពួកអាណ្ណាមមកលើនគរខ្មែរក្រោយៗមកទៀត មេទ័ពចិនទាំងនោះបានចូលរួមយ៉ាងសកម្មក្នុងចំបាំងទាំងនោះផងដែរ (វាទំនងកត្តាមួយដែលកងទ័ពអាណ្ណាមមានប្រៀបលើកងទ័ពខ្មែរ)។
ក្រោយពេលម៉ាកគាវបានសុំសិទ្ធិេជ្រកកោន និងបោះទីតាំងនៅក្នុងនគរខ្មែរ នៅផ្នែកខ្លះក្នុងខេត្តកំពត នៅលើកោះត្រល់ ខេត្តពាម ខេត្តក្រមួនស មានការរីកចំរើនគួរឱយកត់សំគាល់។ មានប្រជាជនចូលទៅរស់នៅច្រើនជាងមុនយ៉ាងឆាប់រហ័ស។ នេះអាចបញ្ជាក់ថា ម៉ាកគាវបានអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់នេះបានមិនមែនដោយសារតែបនល្បែងសុីសងទេ។
នៅម្តុំគ្រឹះសករាជ ១៧១៥ ឫក្រោយមកពីនេះបន្តិច មានព្រឹត្តការណ៍មួយ គឺស្តេចសៀមបានបញ្ជូនកងទ័ពតាមផ្លូវសមុទ្រទៅខេត្តពាម វាយបំផ្លាញ ប្លន់យកទ្រព្យសម្បត្តិក្រុងនោះដោយមានការទប់ទល់យ៉ាងស្វិតស្វាញពីម៉ាកគាវ។ ម៉ាកគាវបានទទួលបរាជ័យ ហើយគេចខ្លួន។
នៅចន្លោះឆ្នាំ១៨៧៣-១៨៧៤ អ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់ គឺលោកវេជ្ជៈបណ្ឌិត Morice បានទៅដល់ខេត្តពាមឬហាទៀង និងកោះត្រល់។ គាត់បានស្តាប់រឿងនិទានពីជនជាតិចិនម៉ាកគាវនេះប្រាប់គាត់ដែរ។ គាត់បានឃើញសំណល់សំណង់វាំងរបស់ម៉ាកគាវ និងកូនដែលបានសង់ក្នុងខេត្តពាម។ គាត់បន្ថែមថា ទីនោះជាកន្លែងទេសចរណ៍បរទេសមួយកាលជំនាន់នោះ។ (បើមានបងប្អូនណាបានទៅលេងខេត្តពាម សូមសួររកកន្លែងនោះផងក្រែងមាននៅសំណល់។)
នៅក្នុងសៀវភៅព្រំដែនប្រទេសកម្ពុជារបស់លោកបណ្ឌិត សារិន ឆាក ដែលប្រែជាភាសាខ្មែរដោយលោក កឹម យ៉ាន និងលោកទៀ ថេន បានលើកឡើងថាប្រហែលជាម៉ាកគាវមិនទុកចិត្តថ្នាក់ដឹកនាំនៅឧត្តុង្គដែលវឹកវរដោយជំលោះរាជបល្ល័ង្គ និងមិនបានជួយការពារខ្លួនពេលសៀមចូលមកវាយក្រុងខ្លួននៅខេត្តពាមឬហាទៀង។ ផ្ទុយទៅវិញ ប្រភពមួយទៀត (សូមបង្ហាញជូនប្រភពនេះនៅពេលក្រោយ) បានលើកឡើងថា ការឈ្លានពានរបស់សៀមនៅខេត្តពាមឬហាទៀងតាមផ្លូវសមុទ្រនោះគឺជាចេតនារបស់មហាក្សត្រខ្មែរដែលខ្ញាល់នឹម៉ាកគាវផ្តាច់ទឹកដីពីនគរខ្មែរទៅចំណុះក្រោមនគរកូសាំងសុីន។
ក្រោយពីនោះមក មានមហាក្សត្រខ្មែរបានព្យាយាមវាយដណ្តើមយកដែនដីទាំងនោះមកវិញ តែត្រូវទទួលបរាជ័យ។ ក៏មានដែរ មហាក្សត្រខ្មែរដែលបានទៅសុំពឹងពាក់កូនម៉ាកគាវដែលស្នងតំណែងឪពុកក្នុងរឿងជំលោះរាជបល្ល័ង្គ។
អ្វីដែលយើងមិនអាចមើលរំលងបានគឺទំនាក់ទំនង ឬអន្តរាគមន៍រវាងមេទ័ពរាជការមីញ ឬម៉េងដែលសុំចំណុះក្រោមនគរកូសាំងសុីន និងម៉ាកគាវ ដែលប្រាកដជាកត្តាជំរុញ ជាមូលហេតុ ឬជាការគ្រោងទុកមុននៃការផ្តាច់ទឹកដីពីនគរខ្មែររបស់ម៉ាកគាវទៅចូលជាមួយនគរកូសាំងសុីន។ មេរៀនប្រវត្តិសាស្ត្រមួយទៀត គឺអសម្ថភាព និងការណ៍ដែលមិនខ្វាយខ្វល់ពីការអភិវឌ្ឍន៍ស្រុកទេសរបស់មហាក្សត្រ និងអជ្ញារខ្មែរនៅសម័យនោះ។
ប្រភព៖
1. Histoire et Description de la Basse Cochinchine (Pays de Gia-dinh), page 1-20, par G. Aubaret.
2. Voyage au Cochinchine en 1872-1873-1874, page 20-30(?)
3. រូបមន្ត្រីអណ្ណាមនៃនគរកូសាំងសុីន ដែលគ្រប់គ្រងនគរខ្មែរនៅម្តុំឆ្នាំ១៨២០, Journal of an Embassy, Vol II, page 314, by John Crawfurd, 1830
© 2018 08 24
© Saosekharith Huot:
SHARE
News and Entertainments
គោលការណ៍ភាពឯកជន
អំពីពួកយើង



No comments:
Post a Comment