Friday, August 24, 2018

ពាក្យចរចាមអារាមប្រវត្តិសាស្ត្រខ្មែរ


នៅស្រុកខ្មែរ​ គេបាននិទានតៗគ្នាមកថា​ បារាំងបានរកឃើញអង្គរវត្តដោយចៃដន្យ​ពេលបារាំងវង្វេងក្នុងព្រៃ លោក​ Henri Mouhot ជាបារាំងទីមួយ​ ឬជនអុឺរ៉ុបទីមួយដែលបានកឃើញក្រុងអង្គរ​ដែលគេបោះបង់ចោលរាប់រយឆ្នាំ​ ហើយបាននាំអោយខ្មែរ​ដឹងថាខ្លួនមានក្រុងអង្គរដ៏អស្ចារ្យ​   លោកមូហតស្គាល់អង្គរដោយអ្នកស្រុកប្រាប់គាត់ពេលគាត់កំពង់ចាប់មេអំបៅ​ ។ល។​ ទាំងនេះសុទ្ធតែជារឿង​ក្អែកមួយទៅជាក្អែក១០ទាំងអស់!​ ជាការនិទានតាមអារម្មណ៍រវើរវាយឥតព្រំដែនទាំងអស់។

តើលោក​ Henri Mouhot ជាអ្នកណា?​ តើគាត់ស្គាល់ក្រុងអង្គរដោយរបៀបណា?

លោក​ Henri Mouhot មិនមែនជាអ្នកឯកទេសខាងបុរាណវិទ្យា​ ឬខាងសិល្បៈឡើយ។​ គាត់ជាអ្នកឯកទេសខាង​វិទ្យាសាស្ត្រធម្មជាតិ​ (Natural Science) ដែលគាត់ស្រឡាញ់ផ្នែកខាងOrnithology (ការសិក្សាពីបក្សី)​ និងConchology​ (ការសិក្សាពីសត្វល្អិត)។​ បេសកម្មរបស់គាត់មកឥណ្ឌូចិនគឺមកស្រាវជ្រាវអំបូរសត្វនៅតំបន់នេះក្រោមការឧបត្ថមពី​ស្ថាប័ណ្ឌ The Great Geographical and Zoological Societies of London។​ ដំបូងឡើយ​ គាត់បានស្គាល់នគរសៀមតាមរយៈសៀវភៅមួយ​ (ប្រភពខ្លះថាជាសៀវភៅភាសាអង់គ្លេស​ ខ្លះថាជាសៀវភៅដែលសសរសេរដោយឯកអគ្គៈរាជទូតបារាំង​ Simon de La Loubère) ហើយគាត់ចង់មកទស្សនានគរនេះណាស់។​ ក្នុងគំរោងរបស់គាត់​ ដំណើរសិក្សាស្រាវជ្រាវចាប់ផ្តើមភាគខាងជើងនគរសៀម​ រួចចុះទៅភាគខាងត្បូង​ បន្ទាប់មកទើបចូលមកនគរខ្មែរតាមខេត្តកំពត។​ នៅកម្ពុជាគាត់បានចេញពីក្រុងឧត្តុង្គទៅភូមិភាគឥសានដោយកាត់តាមកំពង់ចាម​ រួចត្រឡប់មកឧត្តុង្គវិញ​ ហើយឡើងទៅបាងកកដោយធ្វើដំណើរតាមសៀមរាប​ និងបាត់ដំបង។​ គាត់គ្រោងបន្តដំណើរទៅប្រទេសឡាវ​ ហើយបញ្ចប់បេសកកម្មនៅដែនដីកូសាំងសុីន​ តែជាអកុសលគាត់បានស្លាប់ដោយជំងឺ​ (ប្រហែលជាជំងឺគ្រុនចាញ់)​ នៅក្នុងទឹកដីឡាវ។

នៅក្នុងកំណត់ត្រាប្រចាំថ្ងៃក្នុងកំឡុងពេលបំពេញបេសកកម្មស្រាវជ្រាវនៅឥណ្ឌូចិនរបស់គាត់​ លោកHenri Mouhot​ មិនបានលើកឡើងថាគាត់ជាអ្នករកឃើញ​ក្រុងអង្គរ​ ឬជាជនបរទេសទី១ដែលបានមកទស្សនាក្រុងអង្គរទេ។​ បន្ទាប់ពីត្រឡប់មកពីភូមិភាគឥសាននៅកម្ពុជាវិញ​ នៅពេលចេញទូកពីពញ្ញាឮ​ គាត់បានសរសេរថា​ គាត់នឹងធ្វើដំណើរទៅកាន់សៀមរាប​ ដែលគាត់មានបំណងទៅទស្សនាប្រាង្គប្រាសាទក្រុងអង្គរនៅទីនោះ។
ជាការកត់សំគាល់​ គ្រប់ទីគោលដៅដែលគាត់បានទៅស្នាក់អាស្រ័យនៅកម្ពុជា​ សុទ្ធតែមានបុព្វជិតសាសនាកាតូលិករស់នៅទីនោះទាំងអស់បើទោះជានៅសហគមន៍ជនជាតស្ទៀងដែលពួកខ្មែរកាលនោះមិនហ៊ានទៅក្បែរក៏ដោយ។​ ក្នុងដំណើរទស្សនាក្រុងអង្គររបស់គាត់ក៏មានបុព្វជិត​ម្នាក់អមដំណើរផងដែរ។

លោក​ Henri Mouhot​ ក៏បានបញ្ជាក់ដែរថា​ ស្តេចសៀមជំនាន់នោះ​ទើបនឹងបញ្ជារឱយចៅហ្វាយខេត្តបាត់ដំបង​ និងចៅហ្វាយខេត្តសៀមរាប​គាស់រូបចំលាក់នៅប្រាសាទតាព្រហ្មយកទៅថ្វាយនៅរាជវាំងក្រុងបាងកក។​ នេះបញ្ជាក់ថា​ ក្រុងអង្គរមិនស្ថិតក្នុងភាពអាថ៌កំបាំងទេចំពោះនគរសៀមកាលនោះទេ។
លោកឪពុក​ Bouillevaux​ បានបញ្ជាក់ក្នុងសៀវភៅ​   L'Annam et le Cambodge, Voyages et Notices Historiques​ របស់គាត់ថា​ គាត់បានស្គាល់​ក្រុងអង្គរតាមរយៈអ្នកស្រុកបាត់ដំបងបានប្រាប់គាត់។​ គាត់បានមកទស្សនាក្រុងអង្គរនៅម្តុំពីរបីឆ្នាំមុនលោក​ Henri Mouhot​ មកដល់​ គឺប្រហែលក្នុងម្តុំឆ្នាំ១៨៥៧​ ឬ១៨៥៨។

សរុបមក​ លោកHenri Mouhot ប្រាកដជាស្គាល់ក្រុងអង្គរដោយសារបុព្វជិតដែលមកផ្សាយសាសនាកាតូលិកនៅកម្ពុជាទាំងនោះ​ ពិសេសបុព្វជិតដែលអមដំណើរគាត់ពេលទៅសៀមរាប។​ ដូច្នេះ​ គាត់មិនមែនជាអ្នករកឃើញ​ក្រុងអង្គរ​ ឬក៏ប្រទះឃើញក្រុងអង្គរដោុចៃដន្យអ្វីដែរ។​ គាត់ក៏បានបញ្ជាក់ផងដែរថាកាលនោះមានអ្នកស្រុករស់នៅទីនោះស្រាប់​ ហើយពួកគេដឹង​ ស្គាល់ពីចំលាក់ក្នុងប្រាសាទអង្គរវត្តស្តីពីរឿងរាមកេរ្តិ៍​ និងរឿងមហាភាតៈរៈ​ ឫកូរសមុទ្រទឹកដោះ។​ មានជនបរទេសជាច្រើនបានមកទស្សនា និងសរសេរពីក្រុងអង្គរមុនគាត់​(គិតចាប់ពីលោកជីវតាក្វាន់មក) តែមានតែលោកមូហតម្នាក់គត់ដែលបានពិពណ៌នាយ៉ាងលំអិតពីក្រុងនេះ។​ រាជបណ្ឌិតសភាបារាំងជំនាន់នោះបានផ្តល់កិត្តិយសដល់លោកមូហតដោយសំរេចយកឈ្មោះលោកដាក់ឈ្មោះប្រភេទសត្វល្អិតម្យ៉ាងដែលគាត់បានរកឃើញនៅក្នុងបេសកកម្មនេះ។
គុណបំណាច់លោក​ Henri Mouhot​ ​ចំពោះប្រជាជាតិខ្មែរគឺ​ បានធ្វើឱយកិត្តិនាមក្រុងអង្គរល្បីរន្ទឺរនៅទ្វីបអឺរ៉ុប​ ក្រោយពេលកំណត់ត្រាប្រចាំថ្ងៃរបស់គាត់យកទៅកែរសំរួល​ និងបោះពុម្ពផ្សាយនៅឆ្នាំ​ ១៨៦៤ក្រោមការពុះពាររបស់បងប្រុសគាត់​ Charles Mouhot។ ជាក់ស្តែង​ មន្ត្រីរដ្ឋការ​ និងអ្នកស្រាវជ្រាវបារាំងជាច្រើនបានចុះមកទស្សនា​ និងស្រាវជ្រាវនៅក្រុងអង្គរជាបន្តបន្ទាប់​ មានដូចជាលោកឧត្តមនាវា​ Doudart de Lagree និង លោក​ Louis de Laporte ជាដើម​ បើទោះជាក្រុងនេះស្ថិតក្នុងដែនដីនគរសៀមកាលនោះក៏ដោយ។​ ពួកគាត់ក៏បានរំលឹក​ និងលើកសរសើរពីលោក​ Henri Mouhot ក្នុងស្នាដៃរបស់ពួកគាត់ដែរ។​

ទំនងជាកិត្តិនាមល្បីរន្ទឺនេះ​ហើយ​ ជាកត្តាមួយក្នុងចំនោមកត្តាសំខាន់ផ្សេងៗទៀតដែលនាំអោយរដ្ឋការបារាំងដណ្តើមយកក្រុងអង្គរ​ និងខេត្តទាំងបីពីសៀមមកវិញ។

ដកស្រង់ពី​សៀវភៅ​
- Travels in the Central Parts of Indo-China, Siam, Cambodia, and Laos during the Years 1858, 1859, and 1860, by the Late M. Henri Mouhot; Vol I&II. 1864.
-  L'Annam et le Cambodge, Voyages et Notices Historiques, par C. E. Bouillevaux, 1874.

© 2018 08 24

© Saosekharith Huot:
SHARE

News and Entertainments

No comments:

Post a Comment