សាក្សីប្រវត្តិសាស្ត្រ Monseigneur (សម្តេច) Pierre-Joseph-Georges Pigneau de Béhaine
Mrg. Pierre Pigneau de Béhaine ជាសាក្សីម្នាក់ដ៏សំខាន់ក្នុងប្រវត្តិសាស្រ្តនគរទាំងបីនៅដែនដីឥណ្ឌូចិន នគរសៀម នគរខ្មែរ និងនគរកូសាំងស៊ីន (ខ្ញុំសូមប្រើពាក្យនគរកូសាំងស៊ីនដើម្បីហៅនគរអាណ្ណាមខាងត្បូងដែលមានរាជធានីនៅក្រុងវេ Hué ដែលខុសដាចដោយឡែកពីពួកអាណ្ណាមខាងជើងនៅនគរតុងកឹង) ក្នុងសម័យកាលកើតកលយុគនៅចុងសតវត្សន៍ទី១៨នៃគ្រឹះសករាជដោយគាត់បានមករស់នៅតំបន់នេះររយៈពេលជាង២០ឆ្នាំ។ នៅពេលនោះនគរសៀមមានចំបាំងជាមួយពួកភូមា នគរខ្មែរមានសង្គ្រាមដណ្តើមរាជបល្ល័ង្គផ្ទៃក្នុង នគរកូសាំងស៊ីនមានសង្គ្រាមបះបោរ និងសង្គ្រាមជាមួយពួកអាណ្ណាមដូចគ្នានៅតុងកឹង។
ពួកអាណ្ណាមបានបែក ផ្តាច់ចេញពីគ្នាជានគរ២ប្រហែលនៅ ឬមុនសតវត្សន៍ទី១៦នៃគ្រឹះសករាជ។ នៅសតវត្សន៍ទី១៨ រាជវង្សទ្រីញ (Trinh) សោយរាជនៅនគរតុងកឹង និងរាជវង្សង្វៀង (Nguyen) សោយរាជនៅនគរកូសាំងស៊ីន ដែលស្តេចទាំង២រាជវង្សនេះមានងារជា Chua (សម្តេចនៃប្រទេស Monseigneur de pays) ហើយនគរទាំង២នេះតែងឆក់ឱកាសដើម្បីវាយប្រហារគ្នាទៅវិញទៅមក។ គឺនគរកូសាំងស៊ីនេះបានរីកចំរើន និងធ្វើសង្គ្រាមវាទីឈ្លានពានយកនគរចំប៉ារ (Ciampa) និងដែនដីកម្ពុជារក្រោមទាំង៦ខេត្តពីនគរខ្មែរ។
បើតាមទស្សនាវដ្តី The Diplomat សម្តេច Pierre Pigneau de Béhaine នេះគឺជាជនអឺរ៉ុបមុនគេដែលបានសរសេរទាក់ទងនឹងកោះត្រល់។ នៅគ្រឹះសករាជ១៧៧៣ នគរកូសាំងស៊ីនមានសង្រ្គាមបះបោររបស់បងប្អូនបីនាក់ ដែលគេហៅក្រុមនោះថាពួកតាយសុង Tay-sons (ពួកភ្នំខាងត្បូង Montagnes de l’ouest)។ ពួកបងប្អូនតាយសុងបីនាក់មាន ញ៉ាក វេ និងលូ (Nhac, Hué et Lu) មានដើមកំណើតនៅខេត្តងេអាន (Nghe-An) នៅនគរតុងកឹង។ ពួកតាយសុងនេះបានវាយដណ្តើមបាននគរកូសាំងស៊ីនដោយមានការជ្រោមជ្រែងពីនគរតុងកឹង ចាប់បានស្តេចវេវួង និងកូនប្រុសសំលាប់ចោល។ ញ៉ាកបានឡើងសោយរាជនៅក្រុងវេ ដែលគេស្គាល់ឈ្មោះថា Thai-Due នៅគ្រឹះសករាជ១៧៧៦។ ក្នុងនោះព្រះអង្គម្ចាស់ម្នាក់ឈ្មោះ ង្វៀងអាន (Nguyen-An ដែលក្រោយមកគេស្គាល់ថាជាព្រះចៅយ៉ាឡុង Gia-Long)បានគេចខ្លួនរួច មកសំងំលាក់ខ្លួននៅក្នុងនគរខ្មែរ និងក្រោយមកទៅកោះត្រល់២លើក លើកទី១នៅគ្រឹះសករាជ១៧៧៦ និងលើកទី២នៅគ្រឹះសករាជ១៧៨២។ ព្រះអង្គម្ចាស់ក៏បានករទ័ពដើម្បីវាយបកទៅពួកទីសុងនៅក្នុងខេត្តពាមឬហាទៀង ដែលកាលនោះពួកអាណ្ណាមហៅថាកង់កៅ (Can-Cao)។
សម្តេច Pierre Pigneau de Béhaine ក៏ជាអ្នកសំរបសំរួលដ៏សំខាន់ម្នាក់ដែរក្នុងការចរចារឱយមានសន្ធិសញ្ញាបារាំងកូសាំងស៊ីននៅឆ្នាំ១៧៨៧។ ក្នុងសន្ធិសញ្ញានេះមាននិយាយពីដីកោះមួយចំនួនដែរ តែមិនមានកោះត្រល់ទេ។
ប្រភព៖ ១. http://thediplomat.com/2014/06/cambodias-impossible-dream-koh-tral/
២. La Cochichine Religieuse, par L.-E. Louvet; 1885, page 379-429
៣. Les Francais au Cochinchine au XVIII Siècle, par Alexis Faure, 1891 (រូបភាព Pierre Pigneau de Béhaine)
© 2018 08 24
© Saosekharith Huot:
SHARE
News and Entertainment


No comments:
Post a Comment