Saturday, August 25, 2018

និទានរឿង តើហេតុអ្វីបានជាឆ្កែមើលឃើញខ្មោច?



ទាំង ខ្ញុំ និង អ្នកទាំងអស់គ្នាពិតជាធ្លាប់បានឮចាស់ៗ តំណតគា្នពីរមាត់ទៅមាត់មួយហើយថាៈ បើឮសំលេងឆ្កែលូ ឬ ព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់ នៅក្នុងភូមិណា ស្រុកណាដែលពុំសូវមានមនុស្សកុះករ ស្រុកភូមិនោះច្រើនមានខ្មោចបិសាចដើររាតត្បាត ព្រោះដោយសារតែឆ្កែមើលឃើញអរូបីទាំងនោះ ដំណើរចាស់ៗបានបន្តទៀតថា ឆ្កែមើលឃើញខ្មោចទាំងនោះអាស្រ័យដោយរឿងដើមហេតុដូចខាងក្រោម៖

យូរយារណាស់មកហើយ មានបុរសម្នាក់បានដើរទៅមើលគេលៀងមេមត់ ក្បែរទីទួលមួយកន្លែងដែលមានព្រៃដុះលុបទ្រុប ដែលគេបានកប់ខ្មោចនៅក្នុងព្រៃនោះជាច្រើន  លុះដល់ទន្ទឹមព្រៃមួយមានសំលេង ខ្សាវៗស្រែកហៅគាត់ ឱ្យជួយផ្ដាំប្រពន្ធរបស់ខ្លួនផង… ដោយបុរសម្នាក់នោះដឹងថាខ្លួនត្រូវខ្មោចលង និងដឹងថានោះជាសំលេងខ្មោច គាត់ក៏បានតបយ៉ាងព្រងើយហើយ…ក៏សួរទៅកាន់សំលេងនោះវិញថាយើង» តើប្រពន្ធឯងនៅឯណា?


- សំលេងតបវិញយ៉ាងរវើរៗទៅកាន់បុរសនោះ ប្រពន្ធខ្ញុំនៅកន្លែងផ្ទះគេលៀងអារក្សនោះ ភ្លាមៗ បុរសនោះបានសួរទៅវិញថា

- ចុះអោយអញប្រាប់ប្រពន្ធឯងម៉េ្ដចបាន បើអញមើលមិនឃើញនោះ

ក្នុងពេលនោះក៏មានស្រមោលដៃហុចប្រទាលប្រហោងដល់បុរសម្នាក់នោះ ជាមួយសំលេងរវើរៗ នឹងបានប្រាប់ថា ប្រទាលនេះសម្រាប់មើលខ្មោច កាលបើបានប្រទាលប្រហោងនោះហើយ បុរសនោះមើលឃើញខ្មោចនៅពេញព្រៃ តែគាត់ចេះតែដើរៗ គ្មានភិតភ័យខ្លាចអ្វីឡើយ។   គាត់បានដើរតម្រងទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះហើយ  គាត់ក៏បានឃើញខ្មោចស្រីកំពុងសីុពែសំណែនដែលសែននៅពាសពេញទីនោះ ពេលនោះបុរសម្នាក់នោះក៏ស្រែកប្រាប់ទៅខ្មេាចស្រី៖
-ណែប្តីមីហងអោយទៅឱ្យឆាប់ ព្រោះកូនហងយំខ្លាំងណាស់។

ខ្មោចស្រីនឹកឆ្ងល់ក្នុងចិត្តហេតុអ្វីបានជាមនុស្សមើលឃើញខ្លន ពេលនោះទើបខ្មោចស្រីដើរសំដៅហើយសួរបុរសនោះ៖

- ហេតុអ្វីបានជាឯងមើលឃើញអញ បុរសនោះក៏បានបង្ហាញប្រទាលប្រហោង ដោយប្រាប់ខ្មោចស្រីនោះវិញថា ប្ដីហងជាអ្នកអោយអញ បានជាអញមើលឃើញហង។

ខ្មោចស្រីនោះគ្រាន់តែឃើញភ្លាម ស្ទុះទៅដណ្ដើមយក បន្តែបុរសនោះមិនព្រមឱ្យក៏កើតមានការប្រវាយប្រតប់គ្នាដណ្ដើមប្រទាលប្រហោងនោះ។ លុុះប្រវាយប្រតប់អស់មួយសន្ទុះធំ បុរសក៏ចង់រសាយដៃ ក៏របូតប្រទាលនោះពីដៃ។ ខ្មោចស្រីស្ទុះប្រុងមករើសយក   តែពេលនោះឆ្កែឃើញភ្លាមស្ទុះភ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។  ហេតុនេះហើយ បានជាឆ្កែមើលឃើញខ្មោច។


ដោយសារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូពេលយប់ ព្រោះវាឃើញខ្មោរដើរ។

 អត្ថបទដកស្រង់ឯកសារលេខ ៩៣-០១៦

© 2018 08 26

©លោក កៅយំ
SHARE

News and Entertainments

No comments:

Post a Comment