Tuesday, September 25, 2018

សហគមន៍ជនជាតិស្ទៀង​ ភាគ១


Savage
(គាត់ប្រើពាក្យ Savage ពាក្យនេះសំដៅលើក្រុមមនុស្សដែលរស់នៅក្នុងជីវភាពអន់ថយ ដូចមនុស្សកាលសម័យបុរេប្រវត្តិសាស្ត្រ។ ពាក្យនេះអាចមានន័យប្រហាក់ប្រហែលនឹងពាក្យថាមនុស្សព្រៃ មានលក្ខណៈកាចសាហាវ។ សព្វថ្ងៃនេះ គេចាត់ទុកពាក្យ Savage នេះជាពាក្យប្រមាថមើលងាយមួយដែលគេមិនប្រើដើម្បីហៅក្រុមជនជាតិដើម ឬជនជាតិភាគតិចណាមួយទៀតឡើយ។

 លោកមូហតបានសរសេរថា គាត់បានស្នាក់នៅជាមួយពួកកុលសម្ព័ន្ធស្ទៀងរយយៈពេល៣ខែ។ តើនេះជារយៈពេលដ៏ខ្លីមួយចំពោះគាត់ក្នុងការសន្និដ្ឋានវាយតំលៃទៅលើពួកស្ទៀង? ចំលើយមួយគឺពិតជាខ្លីមែន។ លោកឪពុក Guilloux ចំណាំនិយាយដដែលថាគាត់បានមករស់នៅជាមួយពួកស្ទៀងនេះជាង២ឆ្នាំហើយ គាត់នៅតែមិនដឹង មិនស្គាល់ពីជំនឿ (Superstitions or devilries) ទាំងអស់របស់ពួកគេឡើយ។

 នៅទីនោះ ពួកគេស្ថិតនៅទីដែលរុំព័ទ្ធដោយព្រៃដែលមានហ្វូងដំរី ក្របីព្រៃ រមាស ខ្លា និងជ្រូកព្រៃ ដែលនៅលើដីមាត់ត្រពាំង គេតែងឃើញដានជើងសត្វទាំងនោះ។ គាត់បានសរសេរថាទីនោះជាទីដាច់ស្រយាលដែលកាត់ផ្តាច់ស្ទើរតែទាំងស្រុងជាមួយសង្គមខាងក្រៅ ហើយក៏ជាទីដែលគ្រោះថ្នាក់អាចនឹងរងការវាយឆ្មក់ពីសត្រូវ (ប្រហែលជាគាត់សំដៅពួកស្ទៀងទាំងនោះ)គ្រប់ពេល។ ពួកគាត់ត្រូវត្រៀមកាំភ្លើងបញ្ចូលគ្រាប់ជានិច្ច។ ជួនកាល ពេលពួកស្ទៀងចូលមកជិត កន្លែងពួកគាត់ស្នាក់នៅ ហើយពួកគាត់មិនអាចឈានចូលទៅជិតព្រៃដោយមិនលឺសំលេងពួកគេឡើយ។ មានន័យថា បើមិនឃើញរូប ហោចណាស់ក៏ឱយបានលឺសំលេងថាពួកស្ទៀងទាំងនោះនៅត្រង់ណាដែរ។ ទោះជាយ៉ាងណាក៏ដោយ ជាច្បាប់ទូទៅ បើមានពួកស្ទៀងហក់ចូលមកកាន់តែជិត ដើម្បីបាញ់ឱយត្រូវ ពួកលោកមហតត្រូវក្រាបពួនចាំលើមែកឈើ ឬក្នុងគម្ពោតព្រៃនៅជិតត្រពាំងដែលពួកគេចូលមកផឹកទឹក (?)។

 ខ្ចាដំរី ខ្ទួយ ក្អែប អារ៉ង់សត ដែលគួរឱយខ្លាចជាងគេគឺពស់​ ជាសត្វដែលបង្ករគ្រោះភ័យ ឯមូស និងទាចជាសត្វមិនសូវមានគ្រោះថ្នាក់ទេ តែជាសត្វដែលរំខាន់បំផុត។ លោកមូហតបានសរសេរថា នៅរដូវភ្លៀងធ្លាក់អ្នកមិនអាចមើលការពារខ្លួនអ្នកមានសព្វជ្រុងជ្រោយទេ។ ចូលដេក ឬក្រោកពីដេកឡើង អ្នកនឹងស្ថិតក្នុងភាពគ្រោះថ្នាក់ ដោយអ្នកដាក់ជើង ឬដាក់ដៃរបស់អ្នកនៅលើសត្វពស់ដែលមានពឺសដោយមិនដឹងខ្លួន។ លោកមហតបានបន្ថែមថាគាត់បានសំលាប់ពស់ជាច្រើនដោយប្រើកាំភ្លើង ឬពូថៅ។ ក្នុងកំឡុងគាត់កំពុងសរសេរនេះ គាត់ចាំបាច់ត្រូវសំលឹងមើលជុំវិញខ្លួន ក្រែងឃើញមានពស់ដែលគាត់ជាន់កាលពីល្ងាចចេញមកម្តងទៀត។ ស្ទើរគ្រប់ពេល លោកមូហតតែងឈប់នៅស្ងៀម​ ស្តាប់សំលេងខ្លាគ្រហឹម ដែលវាដើរក្រវ៉ែលទីស្នាក់អាស្រ័យរបស់គាត់ សំលឹងមើលពួកជ្រូកដែលពួកគាត់ចិញ្ចឹមទុកក្នុងទ្រង់ធ្វើពីឬស្សី។ ម្តងទៀត គាត់បានលឺសំលេងពួករមាសបុកទំលាយរបងឬស្សីដែលពួកគាត់ធ្វើជារង្វង់ជុំវិញច្បារបន្លែ ដើម្បីចូលទៅជប់លៀងស៊ីបន្លែនៅទីនោះ។

 ពួកជនជាតិស្ទៀង តាមលោកមូហតប៉ាន់ស្មាន ប្រហែលជាមានប្រភពដើមជាមួយពួកជនជាតិដែលរស់នៅលើជួរភ្នំដែលខ័ណ្ឌចែករាជាណាចក្រសៀម និងកម្ពុជា ពីរាជាណាចក្រអាណ្ណាម ដែលស្ថិតនៅតាមបណ្តោយទន្លេធំ (ទន្លេមេគង្គ?) មានរយៈកំពស់ ១១អង្សារ និងស្ថិតនៅចន្លោះខ្សែស្របទី១០៦ដឺក្រេទៅ១០៨ដឺក្រេ ភាគខាងកើត (ជួរភ្នំអាណ្ណាម?)។ ពួកគេរស់នៅផ្តុំជាសហគមន៍ជាច្រើន ដូចដែលមានឃើញជាភូមិជាច្រើន ហើយមើលទៅហាក់មានលក្ខណៈដាច់ដោយឡែកខុសពីប្រជាជនដែលរស់នៅជុំវិញពួកគេ។ លោកមូហតមានអារម្មណ៍ថាពួកជនជាតិទាំងនេះគឺជាម្ចាស់ស្រុកដែលត្រូវពួកចំណូលថ្មីមកពីទីបេត៍រុញច្រានដេញពីតំបន់មាត់សមុទ្រ ពីតំបន់មាត់ឱយ ដែលពួកចំណូលថ្មីទាំងនេះរស់នៅរាលដាលលើទឹកដីឡាវ សៀម និងកម្ពុជា។ លោកមូហតបានសរសេរថាគាត់រកមិនឃើញអ្វីដែលអាចឱយគាត់គិតផ្សេងពីនោះទេ។

 ពួកជនជាតិស្ទៀងទាំងនេះរស់នៅជិតស្និទ្ធខ្លាំងជាមួយនឹងព្រៃភ្នំរបស់ពួកគេណាស់ រហូតដល់កំរិតមួយដែលថាបើពួកគេចាកចេញពីព្រៃភ្នំទាំងនេះមានន័យស្មើរនឹងស្លាប់។ ចំពោះពួកដែលគេចាប់យកទៅធ្វើជាខ្ញុំបំរើ ឬទាសករនៅតាមប្រទេសដទៃ តែងរិះរកគ្រប់មធ្យោបាយដើម្បីរត់គេចមកវិញ ជាញឹកញាប់បានជោគជ័យ។ ដូចពួកមនុស្សព្រៃដទៃទៀតដែរ ពួកស្ទៀងធ្វើឱយពួកក្រុមមនុស្សដែលនៅជិតខាងពួកគេខ្លាចរអា ពេលខ្លះការនិទានពីរឿងដែលធ្វើឱយគេខ្លាចរអានេះជារឿងបំផ្លើស ដូចជាថាពួកស្ទៀងចេះស្នៀតបាញ់ធ្នូពិសេស ក៏ដូចជាចេះធ្វើអំពើអូមអាមជាដើម ដែលតាមការពិតទៅ នៅទីនោះមនុស្សម្នារងាយនឹងគ្រុន (គ្រុនចាញ់?)ខ្លាំងណាស់។ ខ្មែរ និងអាណ្ណាមបានធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃជំងឺនេះច្រើនណាស់។ មានតែលោកមូហតទេដែលជាជនចំណូលថ្មីដែលមិនធ្លាក់ខ្លួនឈឺជំងឺនេះ។ ពួកជនជាតិស្ទៀងស្រឡាញ់ចូលចិត្តព្រៃឈើក្រាស់ដែលគ្មានផ្លូវចូលណាស់។ ពួកគេមិនកាប់បំផ្លាញព្រៃទេ។ បើសិនជាពួកគេមានបញ្ហានៅស្រុកភូមិពួកគេ ឬក៏មានអ្នកម្នាក់ស្លាប់ក្នុងភូមិដោយសារគ្រុន ពួកគេរើជំរុំ យកកូនដាក់ស្ពាយពីក្រោយខ្នងទៅនៅទីកន្លែងផ្សេងទៀតដោយមិនសំដៅថាទីកន្លែងណាពិសេសមួយទេ។ ពួកគេមិនចង់បានដី ហើយក្នុងព្រៃ ទីកណាក៏ដូចជាទីណាដែរ គ្មានអ្វីខុសគ្នាចំពោះពួកគេឡើយ។ ពួកក្រុមកិលសម្ព័ន្ធទាំងអស់នេះរស់នៅស្ទើរតែឯករាជ្យទាំងស្រុង។ នៅម្ខាងនេះជានគរកម្ពុជា នៅម្ខាងទៀតជានគរឡាវ និងអាណ្ណាម ពួកគេបង់ពន្ធឱយរាជការនគរទាំងនេះរៀងរាល់៣ឆ្នាំម្តងជាអង្ករ និងក្រមួន។ មហាក្សត្រនគរកម្ពុជាគ្មានព្រះទ័យធ្វើបាបពួកនេះដូចដែលព្រះអង្គធ្វើទៅលើជនជាតិចាម ដោយចាប់និរទេសពួកគេឱយទៅនៅទីសោះកក្រោះ។
( នៅមានត)

អត្ថបទ៖ Saosekharith Hout

No comments:

Post a Comment