Tuesday, September 18, 2018

រឿង​ សត្វសេក​ និងព្រះរាជា​

កាលពីព្រេងនាយ​ មានព្រះមហាកក្សត្រមួយអង្គបានចិញ្ចឹមសត្វសេកមួយក្បាល។ ថ្ងៃមួយសត្វសេកនោះហើរទៅព្រៃហេមពាន្ត​ បានប្រទះឃើញដើមស្វាយមួយដើមមានផ្លែពេញដើម។ សេកនោះក៏ទៅទៅស៊ីផ្លែស្វាយមួយនៅលើដើម។ រូបសេកក៏ប្រែជាក្មេង​ មានរោមថ្វីដុះ​ធ្វើឱយរូបសេកស្រស់ស្អាត។ ពេលហើរត្រឡប់មកដល់ព្រះរាជវាំងវិញ​ ព្រះមហាក្សត្រឆ្ងល់​ ក៏មានបន្ទូលសួរទៅសេកថាហេតុដូចម្តេចក៏សេកប្រែទៅជាក្មេង​ មានរោមថ្មី​ មានពណ៌ល្អឆើតដូច្នេះ។ សេកក៏រ៉ាយរាប់ប្រាប់ពីតំណើររឿងផ្លែស្វាយនោះទូលព្រះមហាក្សត្រ។ ព្រះមហាក្សត្រសព្វព្រះរាជហរទ័យណាស់។ ទ្រង់ក៏បញ្ជារឱយសេកពាំយកគ្រាប់ស្វាយនោះមកដាំក្នុងព្រះរាជវាំង។ សេកក៏ធ្វើតាមព្រះរាជា។
មួយរយៈកន្លងទៅ​ ដើមស្វាយក៏ដុះលូតឡើងចេញផ្លែ។ ពេលមានផ្លែទុំ​ មហាក្សត្រក៏បញ្ជារឱយអាមាត្របេះស្វាយនោះមក​ ហើយឱយអាមាត្រហូបស្វាយនោះដើម្បីសាកល្បងមើលពីប្រសិទ្ធភាពផ្លែស្វាយទិព្វនោះ។ ក្រោយពីហូបស្វាយបានមួយស្របក់​ អាមាត្រក៏ប្រកាច់ដាំតិតដាំតូងស្លាប់។ ព្រះមហាក្សត្រទ្រង់ពិរោទិ៍ណាស់ដោយព្រះអង្គយល់ថាសេកមានបំណងធ្វើឃាតព្រះអង្គ​ ក៏បញ្ជារឱយអាមាត្រយកសេកទៅសំលាប់ចោលភ្លាម។ ដើមស្វាយមានផ្លែទិព្វត្រូវគេភ្លេចលែងនឹកនា​ ហើយក៏មិនបានកាប់វាចោលដែរ។

អស់រយៈកាលមួយកន្លងផុតទៅ​ មានកនាងស្រីក្រមុំម្នាក់បានទៅបេះផ្លែស្វាយនោះហូបដើម្បីធ្វើអត្តឃាតដោយសារខឹងនឹងម្តាយខ្លួន។ ស្រីក្រមុំនោះមិនស្លាប់​ ក៏បែរទៅប្រែទៅជាមានរូប​ និងមុខមាត់ស្រស់ស្អាតទៅវិញ។ ដំណឹងនេះបានលេចឮទៅដល់ព្រះមាហាក្សត្រភ្លាម។ ព្រះអង្គក៏ចាត់ឱយនាម៉ឺនទៅស៊ើបអង្កេតរឿងនេះដើម្បីរកដើមហេតុរបស់រឿងនេះ។
ក្រោយពីបានស៊ើបអង្កេតរកដើមហេតុឃើញហើយ​ នាម៉ឺនបានមកទូលថ្វាយព្រះរាជាថា​ កាលដែលគេកស្វាយនោះទៅដាំ​ គឺទៅដាំពីលើរូងពស់នាគរាជមួយ។ ពឺសពស់នាគរាជនោះបានជ្រាបទៅដល់ផ្លែស្វាយដែលជាហេតុនាំឱយអាមាត្រដែលហូបស្វាយនោះដំបូងពុលស្លាប់។ មួយរយៈក្រោយមក​ ពស់នាគរាជនោះលែងនៅរូងនោះទៀត​ ទើបធ្វើឱយស្វាយនេះមានប្រសិទ្ធភាព​ លែងពុលដូចមុនទៀត។ ជ្រាបរឿងនេះហើយ​ ព្រះមហាក្សត្រនឹងស្រណោះអាល័យ​ និងមានវិបដិសារីចំពោះសត្វសេកនោះជាខ្លាំង។

អ្នកនិពន្ធរឿងមាយើងមានទស្សនៈវិជ្ជាជ្រៅជ្រះណាស់! ទស្សនៈវិជ្ជានេះអាចយកមកអនុវត្តន៍ជាទូទៅបាន​ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ​ ជីវិតជាអ្នកសិក្សាស្រាវជ្រាវ​ ជីវិតការងារ​ ទាំងជំនួញ​ ទាំងនយោបាយ។

"ជឿអ្វីត្រូវជឿដោយបញ្ញា​។ កុំជឿព្រោះជាពាក្យព្រះគ្រូ​ ឬម្ចាស់គ្រូថា! កុំជឿព្រោះគម្ពីរមានចែង! "​
សូ​មកុំឱយក្លាយខ្លួនជាសេដ្ឋីម្ចាស់ឆ្កែ៥០០​ដែលជឿលើតែត្រចៀក​ ជាស្ត្រីអ្នកជំនួញម្ចាស់សត្វស្កាដែលជឿតែលើភ្នែក​ និងជាមហាក្សត្រជឿលើការពិចារណាមិនគ្រប់ជ្រុងជ្រោយរបស់ខ្លួន។



អតអត្ថ៖ Saosekharith Hout

ដកស្រង់ពីរឿងមាយើង
Crédit photos: Google

No comments:

Post a Comment