ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មរបស់អង្គការJICA ដែល ដឹកនាំដោយលោកបណ្ឌិត Masahiko FURUICHI ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូន។
លោកបណ្ឌិត FURUICHI បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី ស្តីអំពីវឌ្ឍនភាព និងផែនការសម្រាប់ គម្រោង "ស្ទង់មតិលើប្លង់រចនាគោលទាក់ទងនឹងកិច្ចព្រមព្រៀងជំនួយឥតសំណងសម្រាប់ប្រព័ន្ធកំពង់ផែEDI" ដែលគាំទ្រដោយអង្គការJICA ។
លោកបណ្ឌិតបានផ្តល់អនុសាសន៍ជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា៖ គម្រោងប្រព័ន្ធកំពង់ផែEDI (មាន តម្លៃ១៤លានដុល្លារអាមេរិក) នឹងដាក់ឱ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ខាងមុខ ហើយការសិក្សាលើ របាយការណ៍ចុងក្រោយ នឹងត្រូវរៀបចំឡើងដោយមានធាតុចូលពីក្រសួងសាធារណការ និងដឹកជញ្ជូនអង្គការJICA និងភាគីពាក់ព័ន្ធនានាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការJICAលើគំនិតផ្តួចផ្តើមស្តីពីប្រព័ន្ធកំពង់ផែEDIនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារបេសកកម្មសហការថែមទៀតជាមួយក្រសួង កំពង់ផែស្វយ័តក្រុង ភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នាក់ងារនាវាចរកម្ពុជា (កាំសាប) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរបន្ថែមឱ្យក្រុមការងារបេសកកម្មរបស់អង្គការJICA សម្របសម្រួលការងាររបស់ខ្លួនជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ដើម្បីផ្តល់ធាតុចូល បន្ថែមទៀតដោយធានាថា៖ គម្រោងនេះនឹងនៅតែដំណើរការតាមការគ្រោងទុក។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យអង្គការJICA ផ្តល់ការគាំទ្រលើការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង ដល់ការកកស្ទះចរាចរណ៍(ចំណុចកដប)នៅផ្លូវជាតិលេខ១ ដោយការពង្រីកផ្លូវនៅក្នុងតំបន់សំខាន់ៗ មួយចំនួនព្រមទាំងផ្តល់ការគាំទ្រសម្រាប់គម្រោងស្ពានអាកាសនៅតំបន់ស្ទឹងបត់ដើម្បីភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥។
ក្រុមការងាររបស់អង្គការJICA បានកត់សម្គាល់លើសំណើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយនឹងផ្តល់ ព័ត៌មានត្រឡប់មកវិញទាក់ទងនឹងសំណើទាំងនេះ។
Meeting with JICA Mission Team on Port EDI
ប្រភព៖ ក្រសួង សាធារណៈការ និង ដឹកជញ្ជូន
© 2018 08 27
©SHARE
News and Entertainments


No comments:
Post a Comment