កន្លងមក មានការផ្សព្វផ្សាយផលិតផលភេសជ្ជៈប៉ូវកំលាំងមានដូចជាគោជល់ ខារ៉ាបាវ បាកាស M-150 ជាដើម ថាអ្នកផឹកមានកំលាំងខ្លាំង និងប្រាជ្ញាវាងវៃ។ ទន្ទឹម នឹងនោះ មានពត៌មានថាមានករណីអ្នកស្លាប់ក្រោយពីផឹកប្រភេទភេសជ្ជៈប៉ូវកំលាំង ខ្លះ។ ការណ៍នេះធ្វើឱយប្រជាជនខ្លះបង្ហាញពីក្តីបារម្មណ៍ពីគ្រោះថ្នាក់ និងផល ប៉ះពាល់របស់ភេសជ្ជៈប៉ូវកំលាំងមកលើសុខភាព ពិសេសចំពោះកុមារ។
តើភេសជ្ជៈប៉ូវកំលាំងជាអ្វី? មានសារធាតុអ្វីខ្លះក្នុងនោះ?
ភេសជ្ជៈប៉ូវកំលាំងមានប្រភពដើមនៅប្រទេសជប៉ុននៅឆ្នាំ១៩៦០។ ភេសជ្ជៈប្រភេទនេះបានឈានចូលទៅដល់ទីផ្សារនៅអឺរ៉ុបនៅម្តុំឆ្នាំ១៩៨០ និងដល់អាមេរិចនៅឆ្នាំ១៩៩៧។
សព្វថ្ងៃ អ្នកជំនាញខាងវេជ្ជសាស្ត្រ និងចំណីអាហារនៅមិនទាន់បានកំណត់និយមន័យជាក់លាក់ពីភេសជ្ជៈប៉ូវកំលាំងនេះនៅឡើយទេ។ ប៉ុន្តែជាទូទៅ ភេសជ្ជៈប៉ូវកំលាំងមានគ្រឿងផ្សំរួមមួយចំនួន។ សារធាតុទាំងនោះមានដូចជា៖
១. ជាតិកាហ្វេអ៊ីន (Caffeine): ជាតិការហ្វេអ៊ីនជាសារធាតុចំបងក្នុងភេសជ្ជៈប៉ូវកំលាំង ចន្លោះពី៥០មីលីក្រាមទៅ៥០០មីលីក្រាមក្នុងមួយកំប៉ុង ខណៈដែលជាតិកាហ្វេអ៊ីននេះមានប្រហែល១០០មីលីក្រាមក្នុងកាហ្វេធម្មតាមួយពែង។
២. Guarana: វាជារុក្ខជាតិមួយប្រភេទដែលដុះនៅប្រទេសប្រេហ្ស៊ីល។ វាផ្ទុកសារធាតុមួយប្រភេទដែលមានសកម្មភាពដូចគ្នានឹងជាតិកាហ្វេអ៊ីន។ ១កករាមរបស់សារធាតុ guarana នេះស្មើរនឹងជាតិកាហ្វេអ៊ីន៤០មីលីក្រាម (ខ្សោយជាងកាហ្វេអ៊ីន)។
៣. ជាតិស្ករ: ជាតិស្ករក្នុងភេសជ្ជៈប៉ូវកំលាំងមានចន្លោះពី ២១ទៅ៣៤ក្រាមក្នុងចំណុះ២៣៦,៦មីលីលីត្រ។ ភាគច្រើននៃស្ករក្នុងនោះមានពពួក Sucrose, Glucose, និង Fructose ដែលគេចំរាញ់ចេញពីសៀរ៉ូពោត។
៤. ជាតិ Taurine: វាជាប្រភេទអាស៊ីតអាមីណេមួយប្រភេទដែលជួយដល់ការលូតលាស់របស់ខួរក្បាល និងជួយឱយកីឡាករលេង ឬសំដែងបានល្អ។ កំរិតជាតិ Taurine មានក្នុងភេសជ្ជៈប៉ូវកំលាំងមានច្រើនជាងកំរិតរបស់វាក្នុងសាច់ គ្រឿងសមុទ្រ និងទឹកដោះគោ។
៥. ជាតិយិនសិន ( Ginseng): តាមជំនឿ យិនសិនអាចជួយឱយមានអារម្មណ៍ល្អ និងជំរុញប្រព័ន្ធការពារខ្លួន។ ប៉ុន្តែបើតាមការសិក្សាតាមដានអ្នកដែឡប្រើយិនសិនច្រើនមានអាការៈ គេងមិនលក់ លើសសំពាធឈាម និងឈឺក្បាលជាដើម។
ក្រៅពីនេះ គេមានបន្ថែមពពួកវីតាមីន B និងសារធាតុដែលខាងផលិតករមិនបញ្ចេញជាសាធារណៈមួយចំនួនទៀត។
ក្តីបារម្មណ៍ចំបងរបស់អ្នកជំនាញខាងវិទ្យាសាស្ត្រសុខភិបាលអំពីភេសជ្ជៈប៉ូវកំលាំងលើសុខភាពអ្នកផឹក ពិសេសកុមារគឺឥទ្ធិពលរបស់ជាតិកាហ្វេអ៊ីនច្រើនលើសលប់ក្នុងភេសជ្ជៈនេះ។
ប្រវត្តិកាហ្វេ
មានរឿងដំណាលតៗគ្នាមកថា កាហ្វេ ឬខហ្វ៊ីជាពាក្យកំឡាយមកពីឈ្មោះភូមិខាហ្វាភាគខាងលិចប្រទេសអេចូពី ទ្វីបអាហ្វ្រិច។ មានអ្នកឃ្វាលពពែម្នាក់នៅភូមិខាហ្វា បានសង្កេតឃើញពពែរបស់គាត់មិនដេក សកម្មជាងមុនបន្ទាប់ពីបានស៊ីគ្រាប់កាហ្វេមក។
តើជាតិកាហ្វេអ៊ីនមានសកម្មភាពដូចម្តេចខ្លះក្នុងរាង្គកាយយើង? តើជាតិកាហ្វេអ៊ីនពិតជាជួយផ្តល់កំលាំង ឬថាមពលឱយយើងមែនទេ? តើកាហ្វេអ៊ីនអាចធ្វើឱយប៉ះពាល់សុខភាព ការលូតលាស់ ឬក៏ឱយមានគ្រោះថ្នាក់ដល់ជីវិតដូចពត៌មានដែលគេផ្សាយដែលថាមានអ្នកស្លាប់ក្រោយពីផឹកភេសជ្ជៈប៉ូវកំលាំងមែនដែរឬទេ? បើជាតិកាហ្វេអ៊ីនមានគ្រោះថ្នាក់មែន ហេតុអ្វីក៏មានការអះអាងថាពិសារការហ្វេជួយដល់សុខភាព? ចំលើយនឹងមានបង្ហាញជូនក្នុងភាគទី២។
© 2018 08 21
ប្រភព៖ ជូនតាមក្រោយ
Crédit Photo: Google
credit© Saosekharith Huot:
SHARE
News and Entertainments


No comments:
Post a Comment