កំណែរទំរង់វិស័យអប់រំនៅសិង្ហបុរី
Nanyang University គឺជាសកលវិទ្យាល័យដែលប្រើភាសាចិនមុនគេបង្អស់នៅក្រៅប្រទេសចិន ហើយដ៏ល្បីល្បាញមួយនៅតំបន់អាស៊ីអាគ្នេយ៍ បានចាប់ដំណើរការនៅខែមិនាឆ្នាំ១៩៥៨។
កាលពីមុនសាលានេះបើកអោយ សិស្សដែលជាកូនចៅចិននៅតំបន់អាស៊ីអាគ្នេយ៍ ក្រោយបញ្ចប់ការសិក្សាថ្នាវិទ្យាល័យ គេត្រូវទៅបន្តរសិក្សានៅប្រទេសចិន។ បន្ទាប់ពីមានបដិវត្តន៍វប្បធម៌នៅចិនដីគោកមក ការធ្វើដំណើរចេញចូលប្រទេសចិនដីគោកជួបការលំបាក។ សហគមន៍ចិននៅម៉ាឡេក៏បានបើកសកលវិទ្យាល័យណានយ៉ាងនេះឡើងដោយជំនះឧបសគ្គជាច្រើន។ កាលជំនាន់នោះ គេច្រើនហៅកាត់ថា ណានតា (Nantah)។
នៅក្នុងទស្សវត្សន៍ឆ្នាំទី៦០ សកម្មជនកុម្មុយនីស្ត៍ប្រឆាំងនឹងរដ្ឋាភិបាលសិង្ហបុរីច្រើនចេញមកពីសកលវិទ្យាល័យណានយ៉ាង និង Ngee Ann College តែរដ្ឋាភិបាលរបស់លោកលី ក្វាន់យូមិនបានបិទសាលាទាំងនេះចោលទេ។
រដ្ឋាភិបាលលោកលីជំរុញឱយឪពកម្តាយនាំកូនទីចុះឈ្មោះរៀននៅសាលាអង់គ្លេសក៏ដោយ ប៉ុន្តែរដ្ឋាភិបាលគាត់ព្យាយាមអនុវត្តន៍គោលនយោបាយឱយមានតុល្យភាពដោយជំរុញឱយមានរៀនភាសាទាំងបួនដែលជាភាសារដ្ឋ ភាសាចិន ភាសាអង់គ្លេស ភាសាម៉ាឡេ និងភាសាទមីឡ នៅថ្នាក់សិក្សាចំណេះដឹងទូទៅដែរ ។
ចូលដល់ទស្សវត្សន៍ឆ្នាំទី៧០ វិនិយោគគិនទៅពីបស្ចឹមប្រទេសមានកាន់តែច្រើននៅសិង្ហបុរី តំរូវការនិស្សិតបញ្ញវ័ន្តដែលចេះភាសាអង់គ្លេសមានកាន់តែច្រើន។ និស្សិតដែលរៀនថ្នាក់ឧត្តមសិក្សាជាភាសាចិននៅណានតាត្រូវថយចុះ ចំនួននិស្សិតប្តូរទៅរៀននៅសកលវិទ្យាល័យសិង្ហបុរីដែលរៀនជាភាសាអង់គ្លេសមានកាន់តែច្រើន ហើយនិស្សិតបញ្ចប់ការសិក្សានៅណាតាទៀតសោតប្រឈមមុខនឹងភាពគ្មានការងារធ្វើ។
នៅឆ្នាំ១៩៧៥ លោកលីបានបញ្ជូនរដ្ឋមន្ត្រីក្រសួងអប់រំគាត់ទៅចរចាររកកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរសាលានេះពីភាសាចិនទៅភាសាអង់គ្លេស។
ខែកុម្ភះ ឆ្នាំ១៩៧៨ លោកលី ក្វាន់យូដែលជានាយករដ្ឋមន្ត្រីបានប្រកាសពីគំរោងបំលែងសកលវិទ្យាល័យណានយ៉ាងនេះក្លាយជាសកលវិទ្យាល័យប្រើភាសាអង់គ្លេសក្នុងរយៈពេល៥ឆ្នាំ។ គេបានអនុវត្តន៍សេចក្តីប្រកាសនោះនៅខែមិនាឆ្នាំដដែល។
ដោយសារគ្រូៗនៅណានតាមិនអាចបង្រៀនជាភាសាអង់គ្លេសបាន គេក៏បានបញ្ជូននិស្សិតឱយទៅរៀននៅសកលវិទ្យាល័យសិង្ហបុរី។ គេបញ្ជូនគ្រូៗឱយទៅធ្វើការក្នុងមជ្ឈដ្ឋាននិយាយភាសាអង់គ្លេសនៅសកលវិទ្យាល័យសិង្ហបុរី។
លោកលីបានទទួលរងការរិះគុណ ប្រឆាំងជំទាស់រឿងប្រែក្លាយណានតានេះទៅជាសាលាប្រើភាសាអង់គ្លេសយ៉ាងខ្លាំង។ មិនមែនត្រឹមតែគូប្រជែងនយោបាយរបស់គាត់ទេដែលជំទាស់ សមាជិកសភាក្នុងគណបក្សគាត់ រដ្ឋមន្ត្រីនានារបស់គាត់ក៏ជំទាស់ និងប្រាប់គាត់ថាគណបក្សលោកលីនឹងខាតបង់នយោបាយពីរឿងនេះដែរ។ រយៈពេល២ឆ្នាំដំបូង លោកលីបានសរសេរថា ចំពោះគ្រូនិងនិស្សិត វាជាការផ្លាស់ប្តូរដែលរងការលំបាកមួយ និស្សិតពិបាកជាងគ្រូ តែមាតាបិតានិស្សិតយល់ពីបញ្ហានេះថាវាជារឿងដែលត្រូវធ្វើ មិនអាចចៀសផុត។ លោកលីបានចុះទៅជួបនិយាយលើកទឹកចិត្តនិស្សិតទាំងនោះ២ដង។ ៧០%នៃនិស្សិតណានតាបានប្រលងជាប់អាចឆ្លងផុតវគ្គអន្តរកាលនោះ។
នៅខែសីហា ឆ្នាំ១៩៨០ សភាបានអនុម័តច្បាប់ National University of Singapore Act ដែលចាប់បញ្ចូលសកលវិទ្យាល័យណានយ៉ាង និងសកលវិទ្យាល័យសិង្ហបុរី។ ក្រោយមក សកលវិទ្យាល័យណានយ៉ាងនេះ បានប្តូរឈ្មោះជា Nanyang Technology Institute ហើយនៅឆ្នាំ១៩៩១ ប្តូរជាNanyang Technology University។
សព្វថ្ងៃនេះ សកលវិទ្យាល័យណានយ៉ាងជាស្ថារប័ណ្ឌបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិស្វកម្មដ៏ល្បីមួយក្នុងចំនោមសកលវិទ្យាល័យល្បីៗនៅអាស៊ី។ បើលោកលី ក្វាន់យូសុខចិត្តស្តាប់មតិពួកជំទាស់នឹងគំរោងប្តូរសាលាណានតា យកអនាគតយុវជនសិង្ហបុរីជំនាន់នោះទុកធ្វើជាផលចំណេញនយោបាយ តើសិង្ហបុរីអាចឈានមុខគេលើវិស័យអប់រំក្នុងតំបន់បានដូចសព្វថ្ងៃទេ?
តើមានមនុស្សប៉ុន្មាននាក់ដែលបានអានគោលនយោបាយសាលាជំនាន់ថ្មី ចុះទៅស៊ើបមើលរឿងដែលកើតមាននៅវិទ្យាល័យព្រះស៊ីសុវត្ថិឱយជាក់ច្បាស់មុននឹងស្រែក បញ្ចេញមតិតវ៉ានឹងគំរោងសាលាជំនាន់ថ្មីនេះ?




No comments:
Post a Comment