Good to know the online, home of Essential News and is the home busy you with funny life...
Sunday, September 2, 2018
ក្នុងព្រឹត្តិការណ៍ Asian Games ក្រោយបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ៦៤ឆ្នាំ
ការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី នឹងប្រារព្ធពិធីបិទការប្រកួតផ្លូវការ នាល្ងាចថ្ងៃទី០២ ខែកញ្ញានេះហើយ ស្របពេលស្ថាប័នកីឡាអន្ដរជាតិ ចលនាអូឡាំពិក និងប្រទេសមួយចំនួន បានចូលរួមអបអរសាទរជាមួយនឹងជោគជ័យកម្ពុជា ក្រោយដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ឈរលេខរៀងទី២៤ ក្នុងចំណោម ៤៥ប្រទេស បំបែកឯតទកគ្គកម្មប្រវត្តិសាស្ដ្ររយៈពេល ៦៤ឆ្នាំរបស់ខ្លួនក្នុងព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្មពីទីក្រុងហ្សាកាតា ។ នាយបេសកកម្មដដែលបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួត ស្ថាប័នអន្ដរជាតិជាច្រើន បានសាទរជោគជ័យរបស់កម្ពុជា និងទទួលស្គាល់ភាពរីកចម្រើនរបស់កម្ពុជាយ៉ាងពិតប្រាកដ ។ លោកថា «ទន្ទឹមនឹងការបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីឈ្នះមេដាយមាស ២ និងសំរឹទ្ធ ១ កិត្តិនាមកម្ពុជា កំពុងត្រូវបានវិស័យកីឡាអន្ដរជាតិ ចលនាអូឡាំពិក ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ថ្លែងនូវការកោតសរសើរ ចំពោះការដណ្ដើមបានមេដាយមាសលើកនេះ ខណៈប្រទេសមួយចំនួន ក៏បានកោតសរសើរ និងអបអរជោគជ័យកម្ពុជាផងដែរ ដូចជាថៃ វៀតណាម ឡាវ និងនេប៉ាល់ជាដើម ដែលសរបញ្ជាក់ឲ្យឃើញថា វិស័យកីឡាកម្ពុជា កំពុងតែមានភាពលេចធ្លោរក្នុងទ្វីបអាស៊ី» ។ មិនតែប៉ុណ្ណោះ ក្រៅពីដណ្ដើមបានជោគជ័យក្នុងការប្រកួត កីឡាករ-កីឡាការិនី ក៏រក្សាបាននូវកិត្តិយសដ៏ល្អជូនជាតិ ដោយប្រកាន់ភ្ជាប់នូវអនុសាសន៍ផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការណែនាំរបស់លោកបណ្ឌិត ថោង ខុន ទោះបីឈ្នះ ឬចាញ់ បានរក្សានូវវិន័យ សេចក្ដីថ្លៃថ្នូ និងកិត្តិយសជាតិ ដែលធ្វើឲ្យអន្ដរជាតិវាយតម្លៃខ្ពស់ ចំពោះក្រមសីលធម៌របស់អត្តពលិកកម្ពុជា ដែលមិនធ្វើអ្វីមួយ មិនល្អ ឬប៉ះពាល់ដល់ជាតិ ពិសេសគឺមិនជាប់ពាក់ព័ន្ធរឿងសារធាតុហាមឃាត់ដូប៉ា ខុសកាលពីឆ្នាំ២០១៤ ដែលមានការចាប់ដោយចៃដន្យ និងអចេតនាលើអត្តពលិកកីឡាការិនីកម្ពុជាម្នាក់ ។ លោក វ៉ាត់ ចំរើន បន្ថែម ។
លោកថា «ជោគជ័យជាប្រវត្តិសាស្ដ្រនេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងឯកឧត្តមរដ្ឋមន្ដ្រីទាំងពីរ គឺឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ រួមទាំងមន្ដ្រីក្រោមឱវាទ និងការខិតខំប្រឹងប្រែងផ្ទាល់របស់កីឡាករ-កីឡាការិ គ្រូបង្វឹក ពិសេសកីឡាករ-កីឡាការិនីកីឡាម៉ូតូទឹក និងកីឡាជឺជិតស៊ូ ដែលដណ្ដើមបានមេដាយប្រវត្តិសាស្ដ្រជូនជាតិ រួមទាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌូនេស៊ី ដែលបានសម្របសម្រួល និងចូលរួមលើកទឹកចិត្តផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងបណ្ដាញផ្សព្វផ្សាយ ដែលចូលរួមយ៉ាងផុសផុល ដើម្បីជំរុញឲ្យមានភាពជោគជ័យពេលនេះ» ។ គួរបញ្ជាក់ថា យុទ្ធនាការចូលរួមប្រកួត Asian Games ឆ្នាំនេះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួម គឺមានអត្តពលកម្ម ហែលទឹក យូដូ សូហ្វតេន្នីស ជឺជិតស៊ូ ទូកក្ដោង កាយសម្ព័ន្ធ ការ៉ាតេដូ ម៉ូតូទឹក ទូកកានូ គុនដាវ តេក្វាន់ដូ និងកីឡាចំបាប់ ។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងកីឡាជឺជិតស៊ូ កីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ ។ ប្រតិភូ និងអត្តពលិកកម្ពុជា នឹងមកដល់មាតុភូមិល្ងាចស្អែក បន្ទាប់មកនឹងមានក្បួនដង្ហែរពិសេសចូលជួបសម្ដែងការគួរសម្យជាមួយសម្ដេចតេជោ នាល្ងាចនោះតែម្ដង នៅវិមានសន្ដិភាព ៕
Subscribe to:
Post Comments (Atom)


No comments:
Post a Comment